រឿង​ ផ្កាស្រពោន

សង្ខេបរឿង​

ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉្លេះ។ ប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជា ឪពុកប៊ុនធឿនដឹកស្រូវតាមទូកប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ ព្យុះបក់បោកលិចអស់គ្មានសល់។ យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និង សេចក្តីស្មោះត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅ ឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និងនាងថូ ជាអ្នកមានទ្រព្យ ស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់ដើរ លេងតាមអំពើចិត្ត។ ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ ខ្លួនឈឺ ស្រពាប់ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូ សង្សារស្មើជីវិត តែនាងមិនហ៊ានប្រកែកនឹងបំនងម្តាយ។ ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែ ខ្សោយ ទឹកមុខស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវី កាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាង ទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាង វិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមានជម្ងឺក្អក ធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររក គ្រú ម្តងឲ្យលោកស្រោចទឹក ម្តងបញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផល អ្វីសោះ។ ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀប ការក៏កើតទុក្ខទោម៉ិញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាម ជាមួយតាសូរកត្រីរកអុស ដើម្បីបន្លប់នូវសេចក្តីទុក្ខព្រួយ។ ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវី ទាំងវ័យក្មេងបន្សល់ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃ ឲ្យប៊ុនធឿន។

ត្រឡប់​ទៅវិញ